Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

International Education Institute ​​    វិទ្យាស្ថាន អប់រំអន្តរជាតិ    Address: #8, St. 173, Olympic quarter, Chamkar Morn district, Phnom Penh    Tel: (855) 023 211 876
Flag Counter

ការសំណេះសំណាល រវាងសាស្រ្តាចារ្យឧត្តមសិក្សា និងមធ្យមសិក្សា
នៅស្រុកស្អាង និងស្រុកកោះធំ  ខេត្តកណ្តាល (ភាគទី៥)

ចំណាប់អារម្មណ៍ របស់លោក រិទ្ធី វណ្ណសក្តិ
និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ មុខជំនាញគ្រប់គ្រងធនធានមនុស្ស​
នៃវិទ្យាស្ថានអ៊ីនធឺរេដ លើទស្សនកិច្ចសិក្សា ទៅកាន់វិទ្យាល័យស្អាង 
វិទ្យាល័យព្រែកតាដួង​ វិទ្យាល័យកោះធំ និង វិទ្យាល័យព្រែកអំបិល


ដំណើរ ទស្សនកិច្ចសិក្សា ទៅកាន់វិទ្យាល័យស្អាង វិទ្យាល័យព្រែកតាដួង ​វិទ្យាល័យកោះធំ និងវិទ្យា   ល័យព្រែកអំបិល បានប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០១៤ ក្រោមកិច្ចសហការរៀបចំ រវាង  វិទ្យាស្ថានអ៊ីនធឺរេដ (Intered Institute) ឬវិទ្យាស្ថាន អប់រំអន្តរជាតិ (International Education Institute)  និងសមាគម អ្នកប្រវិត្តសាស្ត្រកម្ពុជា (Cambodian Historians Association) ដែលហៅកាត់ថា ស.ប.ក (C.H.A)។

សមាសភាព ដែលចូលរួម ក្នុងទស្សនកិច្ចសិក្សានោះមាន ព្រឹទ្ធសាស្ត្រាចារ្យ សាស្ត្រាចារ្យ មន្ត្រីរាជការ និងនិស្សិតជាច្រើននាក់ មកពីស្ថាប័នទាំងពីរនេះ ក្រោមការដឹកនាំ របស់ឯកឧត្តម ស៊ន ពិសិដ្ឋ នាយកវិទ្យាស្ថាន អ៊ីនធឺរេដ និងឯកឧត្តម បណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រធានសមាគម អ្នកប្រវត្តិសាស្ត្រ កម្ពុជា។ ដំណើរទស្សនកិច្ច សិក្សានេះ មានលក្ខណៈ ជាការស្រាវជ្រាវ ខាងប្រវត្តិសាស្ត្រ ដល់ទីកន្លែងផ្ទាល់ និងជាការចូលរួមចំណែកចែករំលែកចំណេះដឹង ដល់លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សតាម វិទ្យាល័យនានា។

ក្នុងនាមជា កម្មសិក្សាការី ដែលបានចូលរួមផ្ទាល់ ខ្ញុំបាទយល់ថា ដំណើរទស្សនកិច្ច សិក្សានេះ ពិតជាមានអត្ថប្រយោជន៍ ជាអនេក ក្នុងការរួមចំណែក ស្រាវជ្រាវ ចងក្រង និងបង្កើត ឯកសារសរសេរ ទាក់ទងនឹង ប្រវត្តិសាស្ត្រ នៅតាមស្រុកភូមិ និងជាការ ចែករំលែក ចំណេះដឹងផងដែរ។ ក្នុងនេះដែរ ខ្ញុំបាទនឹង បង្ហាញការ ចាប់អារម្មណ៍របស់ ខ្លួនខ្ញុំបាទ  ដោយសង្ខេប មកត្រឹមបួន ចំណុចសំខាន់ៗ ដូចខាងក្រោមនេះ៖
ទី១ : ដំណើរទស្សនកិច្ចនេះ បានរួមចំណែក ស្រាវជ្រាវចងក្រង ប្រវត្តិវិទ្យាល័យ និងវត្តអារាម ដែលជាឯកសារ ប្រវត្តិសាស្ត្រ និងជា ឯកសារសរសេរ ដែលកម្ពុជាយើង កំពុងជួបប្រទះ នឹងការខ្វះខាត។ មានមនុស្ស ជាច្រើនដែល រអ៊ូរទាំនឹង កង្វះខាត ឯកសារសរសេរ នៅពេលដែល ពួកគាត់ធ្វើការស្រាវជ្រាវ អំពីបញ្ហាណាមួយ នៅកម្ពុជា។ ប៉ុន្តែមាន មនុស្សមិនច្រើន ប៉ុន្មានទេដែលបាន ចូលរួមចងក្រង ឯកសារប្រវត្តិសាស្ត្រ សម្រាប់កូន ខ្មែរជំនាន់ក្រោយ។ ការចងក្រង ឯកសារសរសេរ នេះពិតជា រួមចំណែក ធំធេងណាស់ ក្នុងការស្តារ «ផ្នត់គំនិត មើលរំលង ការចងក្រង ឯកសារ» ដែលមាន ប្រយោជន៍ សម្រាប់ការយល់ដឹង អំពីអតីតកាលផង និងទុកជា ក្បួនខ្នាត សម្រាប់កូនខ្មែរ ជំនាន់ក្រោយផង។

ទី២ : គឺជាការលើកតម្លៃ និងបណ្តុះការ ស្រឡាញ់មោទនភាព ជាតិយើងឡើងវិញ តាមរយៈការជីក គាស់​អតីតកាល របស់ខ្មែរយើង។ ជាក់ស្តែងណាស់ ការស្រាវជ្រាវ នេះធ្វើឡើង ដោយខ្មែរ ដោយយើង ពុំចាំបាច់ពឹងពាក់ បរទេសណាមួយ ឲ្យមកជួយសរសេរ ប្រវតិ្តសាស្ត្ររបស់យើង ដូចដែលធ្លាប់មានកន្លងមក ដូចជាធ្លាប់ពឹងលោក David P. Chandler និងលោក George Cœdès ជាដើម។ ក្រោយដំណើរ ធ្លាក់ចុះជាបន្តបន្ទាប់ នៅសម័យក្រោយអង្គរ កូនខ្មែរ ហាក់បីដូចជា ភ្លេចថាខ្លួនជា ពូជអ្នកសាងអង្គរ ហាក់មានភាពខ្ចិលច្រអូស និងមានគំនិត បន្ទុះបង្អាប់ ខ្លួនឯងថា គ្មានសមត្ថភាព និងមិនអាចធ្វើបាន រហូតភ្លេច គិតថាបុព្វបុរស ខ្មែរធ្លាប់បាន កសាងប្រាសាទ ជាអច្ឆរិយវត្ថុជាច្រើន ដែលខ្មែរ ជាន់ក្រោយ នឹកស្មានមិនដល់។ ដំណើរស្រាវជ្រាវ អប់រំនេះ មានភ្ជាប់នូវ ពិធីសំណេះសំណាល តាមវិទ្យាល័យនីមួយៗ ដើម្បីអប់រំ ឱ្យសិស្សានុសិស្ស យល់អំពីតម្លៃ ជាតិខ្លួនដែលធ្លាប់ ជាមហាប្រទេស នាពេលអតីតកាល និងដើម្បី ខិតខំហ្វឹកហាត់ ខ្លួនឱ្យពោរពេញ ទៅដោយសមត្ថភាព សមជាម្ចាស់ នៃមហាប្រទេសមួយនេះ។ នៅពេលដែលយើង មិនដឹងអំពីតម្លៃ ប្រវតិ្តសាស្ត្ររបស់ខ្លួន យើងគ្មានមោទនភាព ចំពោះបុព្វបុរសខ្លួន នោះក៏ពុំមានឆន្ទៈ ដែលជំរុញឱ្យមានការ ខិតខំប្រឹងប្រែង ជាដុំកំភួនអ្វីដែរ។

ទី៣ : ដំណើរទស្សនកិច្ចនេះ បានបង្ហើប បង្ហាញអំពី អនាគតកាល ដែលកំពុងតែ ខិតជិតចូលមកដល់។ នោះគ្មានអ្វីក្រៅពី សមាគមអាស៊ាន ដែលកម្ពុជា បានចូលជាសមាជិក កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩ ​និងធ្លាប់បាន ធ្វើជាប្រធានប្តូរវេន ពីរដងរួចមកហើយ នោះឡើយ។ ពិធីសំណេះសំណាល បានប្រព្រឹត្តទៅ ដោយមានវាគ្មិន ដែលសុទ្ធសឹងជាអ្នកប្រាជ្ញ មានបទពិសោធន៍ និងចំណេះដឹងជ្រៅជ្រះ ជាមួយនឹងលោកគ្រូ អ្នកគ្រូបង្រៀន នៅវិទ្យាល័យ និងសិស្សានុសិស្ស ជាច្រើនពាន់នាក់។ ក្នុងនោះដែរ វាគ្មិនសំខាន់មួយរូបគឺ ឯកឧត្តមបណ្ឌិត ស៊ន សំណាង ប្រធានសមាគម អ្នកប្រវតិ្តសាស្ត្រកម្ពុជា ធ្លាប់ជាឥស្សរជន មួយរូបក្នុងការកសាង ចក្ខុវិស័យអាស៊ាន សម្រាប់ឆ្នាំ២០២០។ ហេតុនេះហើយ វាពិតជាការចែករំលែក ចំណេះដឹងយ៉ាងសំខាន់ និងកម្រ ដើម្បីដាស់ស្មារតី កូនខ្មែរជំនាន់ក្រោយៗ ឱ្យយល់ថាពួកគេ គួរត្រៀមខ្លួនឬទេ ចំពោះការប្រកួតប្រជែង ដោយសេរីនៃទំនិញ សេវាកម្ម និងការវិនិយោគ នៃសហគមន៍ សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) ដែលនឹងចូលមកដល់នៅឆ្នាំក្រោយនេះ (២០១៥)។

ទី៤ : កិច្ចសំណេះសំណាលនេះ បានណែនាំ អំពីផ្លូវដែលខ្មែរ ជំនាន់ក្រោយត្រូវដើរ។ បន្ថែមពីលើ ការបង្ហាញអំពី មោទនភាពនៃ អតីតកាល និងចក្ខុវិស័យ នាពេលអនាគតកាល វាគ្មិនក៏បាន ចូលរួមបង្ហាញថា កូនខ្មែរត្រូវធ្វើ បែបណា ដើម្បីរៀបចំ ខ្លួនឱ្យសមនឹង អតីតកាល ដ៏ឧត្តុងឧត្តម និងដើម្បី ឈរជើងក្នុងតំបន់ ដ៏ស្មើភាពឬខ្ពស់ជាង នៅក្នុងសហគមន៍ តំបន់អាស៊ាន នាពេលដ៏ឆាប់ខាងមុខនេះ។ បទបង្ហាញ ដែលបានធ្វើឡើង នៅគ្រប់វិទ្យាល័យ ដូចដែលបានរៀបរាប់ខាងលើ បានដាស់តឿន និងពញ្ញាក់ស្មារតី សិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ ឱ្យពង្រឹងសមត្ថភាព ខាងវិជ្ជាជីវៈ ភាសាបរទេស និងជំនាញបច្ចេកវិទ្យា ខាងព័ត៌មាន និងទំនាក់ទំនង (ICT: Information and Communication Technology)។ យើងដែលជាខ្មែរ ជំនាន់ក្រោយ ត្រូវដឹងថា គោលដៅធំបំផុត របស់អាស៊ានគឺ សេដ្ឋកិច្ចផ្អែកលើចំណេះដឹង (Knowledge-based Economy)។ ហេតុនេះហើយ យើងត្រូវរៀបចំខ្លួន ខិតខំ សិក្សារៀនសូត្រ ជំនាញនានា ពិសេស ត្រូវបំពេញបន្ថែម ជំនាញខាងភាសាអង់គ្លេស ដែលជា ភាសាផ្លូវការ របស់អាស៊ាន និងបច្ចេកវិទ្យា ខាងព័ត៌មាន និងទំនាក់ទំនង ដើម្បីប្រកួតប្រជែង ជាមួយបណ្តាប្រទេស ដទៃក្នុងតំបន់។
សរុបមក ដំណើរទស្សន កិច្ចសិក្សានេះ បានផ្តល់នូវវិភាគទាន យ៉ាងធំធេងមួយ ចំពោះសង្គមកម្ពុជា ពីព្រោះមិនត្រឹមតែ ជួយបង្កើត និងចងក្រង ឯកសារប្រវត្តិសាស្ត្រខ្មែរ ដោយខ្មែរខ្លួនឯង ប៉ុណ្ណោះទេ តែថែមទាំងជាការជួយ អប់រំដាស់តឿន កូនខ្មែរ ឱ្យមានការភ្ញាក់រលឹក តាមរយៈការ ជីកគាស់ អតីតកាល និងការបង្ហើប អនាគតកាល ឱ្យពួកគេដឹងថា «ខ្លួនធ្លាប់បានធ្វើអ្វី ក្នុងអតីតកាល?» ​«ខ្លួននឹងត្រូវធ្វើអ្វី នៅពេលអនាគត?» ហើយ «ខ្លួនត្រូវធ្វើអ្វី ក្នុងពេលបច្ចុប្បន្ននេះ?» ដើម្បីជាគុណប្រយោជន៍ សម្រាប់ខ្លួនផ្ទាល់ សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិខ្មែរទាំងមូល។


នៅវិទ្យាល័យ ស្អាង (ថ្ងៃទី១២ ឧសភា ២០១៤)
វិន័យល្អ និងចំណង់ក្នុងការសិក្សា របស់សិស្សានុសិស្ស 

នៅវិទ្យាល័យ ស្អាង (ថ្ងៃទី១២ ឧសភា ២០១៤)
វិន័យល្អ និងចំណង់ក្នុងការសិក្សា របស់សិស្សានុសិស្ស



នៅវិទ្យាល័យ ស្អាង (ថ្ងៃទី១២ ឧសភា ២០១៤)
វិន័យល្អ និងចំណង់ក្នុងការសិក្សា របស់សិស្សានុសិស្ស